កូនអ្នកក្រ ក្រមាសប្រាក់ កាក់សម្បត្ដិ
កូនអ្នកក្រ ក្រកុំបាត់ កាត់រករៀន
កូនអ្នកក្រ ក្រទៅហើយ ឡើយកុំអៀន
កូនអ្នកក្រ ក្ររកស្ពាន កៀនកោះទោះ(១)។
ក្រត្រូវខំ
ខំគិតគូរ ស៊ូលិខិត
ក្រត្រូវខំ ខំពីចិត្ត ត្បិតខ្សត់ខ្សោះ
ក្រត្រូវខំ ខំគ្រប់យ៉ាង សាងអោយអស់
ក្រត្រូវខំ ខំស្រាយដោះ ចោះប្រាជ្ញា។
ទោះក្រក្ដី
ក្ដីលំបាក ចាកឆ្ងាយសុខ
ទោះក្រក្ដី ក្ដីស្រណុក ទុកប្រាថ្នា
ទោះក្រក្ដី ក្ដីប្រឹងប្រែង ក្ដែងប្រាប់ថា
ទោះក្រក្ដី ក្ដីតវ៉ា ចារក្នុងចិត្ត។
ក្រគង់ប្ដូរ
ប្ដូរពីទុក្ខ សុខមិនខាន
ក្រគង់ប្ដូរ ប្ដូរពាក្យគ្មាន រៀនជីវិត
ក្រគង់ប្ដូរ ប្ដូរភាពល្ងង់ ក្នុងការគិត
ក្រគង់ប្ដូរ ប្ដូរលំអិត ប្រិតទាល់ព្រាត់(២)។
ខិតខំរៀន
រៀនចំណេះ ខ្វេះគម្ពី
ខិតខំរៀន រៀនវក់វី ស៊ីបាយវត្ត
ខិត្តខំរៀន រៀនពីគ្រូ ស៊ូវាយទាត់
ខិតខំរៀន រៀនកុំឃាត់ ញាត់ចម្ងល់។
ជាចុងក្រោយ
ក្រោយកំសត់ ចត់ជូរល្វីង
ជាចុងក្រោយ ក្រោយអំណត់ កត់លទ្ធផល
ជាចុងក្រោយ ក្រោយពីស៊ូ ប្ដូរការផ្ដល់
ជាចុងក្រោយ ក្រោយលែងយល់ សល់ភាពស្រួល។
កៀនកោះទោះ(១)= ទោះជាកៀនកោះកន្លុកកន្លៀតណាក៏ដោយ
ក៏ជាគ្រូយើងដែរអោយតែមានមនុស្ស ពួកគេក៏ជាគ្រូ។
ប្រិតទល់ព្រាត់(២)= ភាពប្រិតប្រៀង ទាល់តែចាកព្រាត់ភាពល្ងង់។
ភ្នំពេញ ថ្ងៃទី ១៩ សីហា ២០១២
ម៉ោង ១៤:២៣ រសៀល
No comments:
Post a Comment